រាជធានីភ្នំពេញ : ករណីសំណុំរឿងរបស់ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ ជាព័ត៌មានដែលកំពុងពេញនិយម និងប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ប្រទាប់ ជាពិសេសបណ្តាញសង្គមដែលជាអ្នកចែករំលែកព័ត៌មានដែលពេញនិយមពីសំណាក់ប្រិយមិត្ត។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ លោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ថោង សារ៉ាត់ ដោយបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនជនត្រូវចោទរូបនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់ផ្លែឈើយីហោឡោ តិចសេង លេខ៤៦៤Eo វិថីព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាបទល្មើសត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ។
ក្រោយពេលដែលចេញនូវដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចុះហត្ថលេខា និងប្រថាប់ត្រា ដោយលោកចៅក្រមស៊ើបសួរ លី សុខលេង ត្រូវបានបណ្តាញសង្គមមួយឈ្មោះ ផែង វណ្ណៈ យកមកផ្សព្វផ្សាយក្នុងន័យរិះគន់បែបស្ថាបនា ដោយភ្ជាប់ជាមួយប្រយោគមួយឃ្លាថា “កំហុសបច្ចេកទេសទៀតហើយ!”។
សារទាំងនោះមានខ្លួនសារដើមទាំងស្រុងថា “ លោកចៅក្រម លី សុខលេង ចោទប្រកាន់ ថោង សារ៉ាត់ មិនត្រឹមត្រូវតាមមាត្រា នៃក្រមព្រហ្មទណ្ឌ តើជាកំហុសអចេតនា ឬ ជាកំហុសចេតនា ? តាមក្រមព្រហ្មទណ្ឌ ទង្វើរបស់ ថោង សារ៉ាត់ ត្រូវចោទពីបទ ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលត្រូវផ្តន្ទាទោសតាមាត្រា ២៨ និង មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលោកចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ គឺលោក លី សុខលេង បែជាសរសេរថា ត្រូវផ្ដន្ទាទោសតាមមាត្រា ២៨ និង មាត្រា ៤០០ ទៅវិញ ។
បើតាមខ្លឹមសារ មាត្រា ៤០០ ទោសដែលត្រូវអនុវត្ត អំពើទទួលផលចោរកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០ លានរៀល ។ ដោយឡែក មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន ជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ដូច្នេះពីរមាត្រានេះ ផ្ទុយគ្នាឆ្ងាយណាស់ លោកចៅក្រមគួរតែពិនិត្យកែសំរួលឡើងវិញ៕
ប្រភពៈ កំណើ់តថ្មី